|
កាលពីថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១១ វេលាម៉ោង ១០ និង ៣០ នាទីព្រឹក នៅទីស្តីការគណៈរដ្ឋ មន្រ្តីឯកឧត្តម ង៉ោ ហុងលី អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល
បានទទួលជួបពិភាក្សា ការងារ ជាមួយនឹងឯកឧត្តម Kim Nam Seok អនុរដ្ឋមន្រ្តីក្រសួងរដ្ឋបាលសាធារណៈ និងសន្តិសុខ របស់សាធារណរដ្ឋ កូរ៉េ អមដំណើរដោយឯកឧត្តម Chang Hojin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំ នៅព្រះរាជាណាចក្រ កម្ពុជា ព្រមទំាងសហការី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ង៉ោ ហុងលី បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ ក្តៅចំពោះគណៈប្រតិភូក្រសួងរដ្ឋបាលសាធារណៈ និងសន្តិសុខ របស់សាធារណរដ្ឋកូរ៉េ ដែលបានមកធ្វើ ទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង ២ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ។ ឯកឧត្តម អគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូពីកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល ដែលមានចក្ខុវិស័យ "បម្រើប្រជាជនឱ្យបានកាន់តែល្អប្រសើរឡើង" និងបានលើកឡើងពីប្រសាសន៍របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ដែលតែងមានប្រសាសន៍ថា មានកត្តាចម្បងពីរ សម្រាប់ប្រទេសក្រីក្រ ដើម្បីឈានទៅជាប្រទេសអ្នកមានបាន គឺ អភិបាលកិច្ចល្អ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល បាននិងកំពុងរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈកម្ពុជា ដោយក្នុងនោះនឹងដាក់ចេញនូវយុទ្ធសាស្ត្រមួយទាក់ទងនឹងការបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលបន្ត ដែលនឹងដើរតួនាទីបណ្តុះបណ្តាលបន្តផ្នែកជំនាញអន្តរវិស័យជូនដល់មន្ត្រីរាជការទូទាំងប្រទេស ដោយឈរលើមូលដ្ឋានតម្រូវការជាក់ស្តែង និងកម្ពុជានីយកម្ម។
បន្ថែមលើនេះ ឯកឧត្តម អគ្គលេខាធិការ ក៏បានលើកឡើងពីបំណងបន្តរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងការផ្តល់សេវាសាធាណៈ ដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល បានសហការរៀបចំជាមួយនឹងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) កាលពីឆ្នាំ ២០១០ កន្លងមក។
ជាកិច្ចឆ្លើយតប ឯកឧត្តម Kim Nam Seok បានសំដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងសូមគាំទ្រចំពោះគម្រោងវិនិយោគរយៈពេលវែងលើផ្នែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយសាធារណរដ្ឋកូរ៉េ រីករាយនឹងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការងារនេះ។ ឯកឧត្តមអនុរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា ក្រសួងរដ្ឋបាលសាធារណៈ និងសន្តិសុខកូរ៉េ បានរៀបចំរួចហើយនូវគម្រោងសិក្សាបឋមមួយពាក់ព័ន្ធនឹងគម្រោងទាំងបីខាងលើ ដែលនឹងត្រូវចាប់ផ្តើមឡើងនៅដើមឆ្នាំ ២០១២ ខាងមុខ។ បន្ទាប់ពីការបង្កើតគ្រឹះស្ថានបណ្តុះបណ្តាល នេះ សាធារណរដ្ឋកូរ៉េនឹងបន្តជួយដល់ប្រតិបត្តិការរបស់គ្រឹះស្ថានក្នុងរូបភាពជាជំនួយអភិវឌ្ឍផ្លូវការ។ បន្ថែមលើនេះ ឯកឧត្តម អនុរដ្ឋមន្រ្តី បានស្នើសុំឱ្យមន្រ្ពីបម្រើការងារនៅអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ទៅធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់នៅ វិទ្យាស្ថានបណ្តុះ បណ្តាលមន្ត្រីរាជការថ្នាក់កណ្តាលនៅសាធារណរដ្ឋកូរ៉េ ថាតើមានមុខវិជ្ជាអ្វីខ្លះដែលអាចដាក់ បញ្ចូលបាននៅក្នុងគ្រឹះស្ថានបណ្តុះបណ្តាលបន្ត ដែលនឹងត្រូវបង្កើតឡើងនៅកម្ពុជានេះ។ ពាក់ព័ន្ធនឹងការបន្តរៀបចំសន្និសីទអន្តរជាតិស្តីពីការផ្តល់សេវាសាធាណៈ ឯកឧត្តម អនុរដ្ឋមន្រ្តី សន្យាថានឹងជួយសម្របសម្រួលជាមួយនឹងស្ថាប័នពាក់ព័ន្ធនៅសាធារដ្ឋកូរ៉េ ដើម្បីឱ្យសន្និសីទអន្តរជាតិនេះអាចបន្តអត្ថិភាពរបស់ខ្លួនបានបន្តទៀតនៅកម្ពុជា។
ជាកិច្ចបញ្ចប់ការពិភាក្សា ឯកឧត្តម អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរដ្ឋបាលសាធារណៈ និងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រដល់គម្រោងទាំង ៣ នេះ។
-
Meeting date:05-12-2011
-
Meeting date:05-12-2011
|
|