|
កាលពីថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១២ វេលាម៉ោង ៨:៣០ នាទី នៅសាលប្រជុំទីស្តីការគណៈ រដ្ឋមន្រ្តី មានបើកកិច្ចប្រជុំអន្តរក្រសួងមួយក្រោមការដឹកនាំដោយឯកឧត្តម ង៉ោ ហុងលី អគ្គលេខាធិការ នៃ ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល។ អង្គប្រជុំមានរបៀបវារៈ ចំនួន ០៣ គឺ៖
១-ការធ្វើផែនការជ្រើសរើសក្របខ័ណ្ឌប្រចាំឆ្នាំ
២-ការរៀបចំតារាងទូទាត់បៀវត្ស
៣-បញ្ហាផ្សេងៗ
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានបានជម្រាបអង្គប្រជុំអំពីលទ្ធផល នៃការដាក់ឆ្លង ឯកសារចំនួន ០៥ របស់កិច្ចប្រជុំក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាកំណែ ទម្រង់រដ្ឋបាល កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១១។ ឯកសារទាំងនេះមានៈ
១- សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលឆ្នាំ ២០១០-២០១៣
២- គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
៣- អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការវាយតម្លៃសេវាសាធារណៈ
៤- ឯកសារណែនាំស្តីពីស្តង់ដាសេវាសាធារណៈ
៥- ឯកសារណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងប្រសិទ្ធភាពការងារ។
ជារួម ឯកសារទាំង ៥ ខាងលើនេះ បានទទួលការឯកភាពពីកិច្ចប្រជុំក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធរួចហើយ ដោយគ្រាន់តែមានការកែ សម្រួលឃ្លាឃ្លោង និងពាក្យពេចន៍ខ្លះៗតែ ប៉ុណ្ណោះ។ ដូច្នេះកិច្ចប្រជុំនៅថ្ងៃនេះគឺធ្វើឡើងតាម ស្មារតីរួមដែលជាលទ្ធផលរបស់កិច្ចប្រជុំក្រុមប្រឹក្សាកំណែ ទម្រង់រដ្ឋបាល ជាពិសេសការងារពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានមនុស្ស។
បន្ទាប់មក ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការពន្យល់ខ្លឹមសារពាក់ព័ន្ធសំខាន់ៗនៅក្នុង របៀបវារៈ ទី១ និងទី២ ជូនអង្គប្រជុំដោយសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងធនធានមនុស្ស និងការ អភិវឌ្ឍន៍ធនធានមនុស្ស ថា បច្ចុប្បន្នការគ្រប់គ្រងធនធានមនុស្សអនុវត្តតាមរបៀបនីតិវិធីរដ្ឋបាល សុទ្ធសាធ ដូចជា ការជ្រើសរើស ការដំឡើងថ្នាក់ ឋានន្តរសក្តិ និងការដាក់ឲ្យចូលនិវត្តន៍ជាដើម។ កិច្ចការនេះមិនទាន់មានលក្ខណៈគ្រប់គ្រាន់ តាមគោលការណ៍ នៃការគ្រប់គ្រងធនធានមនុស្ស ដែលផ្តោតលើលក្ខណៈវិនិច្ឆ័យ នៃទំហំការងារតម្រូវការ និង ធ្វើការព្យាករណ៍ទៅអនាគតជូនថ្នាក់ដឹកនាំសម្រេចឲ្យបានគ្រប់ជ្រុងជ្រោយ។ ដើម្បីអនុវត្តគោលនយោបាយ គ្រប់គ្រងធនធានមនុស្សឲ្យ បានត្រឹមត្រូវ គឺត្រូវមានការគិតគូទុកជាមុន មានការវាយតម្លៃធនធានមនុស្សដែលត្រូវការសម្រាប់រយៈពេលខ្លី និងមធ្យម ដើម្បីធានាសមត្ថភាពជំនាញចំនួនមន្រ្តីឲ្យមានគ្រប់គ្រាន់នៅតាម ទីកន្លែង និងទាន់ពេលវេលា។
បន្ទាប់ពីមានការចូលរួមមតិយោបល់ពីសមាជិកអង្គប្រជុំរួចមក អង្គប្រជុំបានឯកភាព លើចំនុច សំខាន់ៗ ដូចខាងក្រោមៈ
១- ការជ្រើសរើសមន្រ្តីចូលក្របខ័ណ្ឌថ្មី ត្រូវធ្វើការជ្រើសរើសទៅតាមមុខជំនាញដែល មានតម្រូវការ ពិតប្រាកដសម្រាប់មុខតំណែងដែលមានកំណត់នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ននីមួយៗហើយត្រូវ ជ្រើសរើសទៅតាមកម្រិតថវិកាដែលបានកំណត់ និងមិនត្រូវជ្រើសរើស ទៅតាមប្រភេទក្របខ័ណ្ឌ ក ខ ឬ គ ទេ។ (ឧទាហរណ៍ ជ្រើសរើសជំនាញលេខាធិការ ឬអ្នកមាន ជំនាញបកប្រែភាសាបរទេស)។
២- យកឧបករណ៍ទាំងពីររបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល សម្រាប់ ធ្វើការសិក្សាអំពីផែនការប្រើប្រាស់ធនធានមនុស្សឲ្យបានចំមុខសញ្ញា និងទាន់ពេលវេលា គឺទី១-ការពិនិត្យ ឡើងវិញ អំពីដំណើរការការងារ (Operational Review) និង ទី២-ការរៀបចំតារាង ភារកិច្ចរបស់មុខតំណែង នីមួយៗ (Job Description)។ ការរៀបចំឲ្យមានតារាងភារកិច្ចរបស់ មុខតំណែងនីមួយៗនៅក្នុងក្រសួង ស្ថាប័ន នឹងបង្កភាពងាយស្រួលដល់ការអភិវឌ្ឍន៍សមត្ថភាពឲ្យចំ លក្ខណៈសម្បត្តិ និងមុខតំណែងរបស់មន្រ្តីទាំង នោះ និងជៀសវាងការអនុវត្តការងារត្រួតគ្នាទៅ នឹង មុខតំណែងផ្សេងទៀត។
៣- មិនត្រូវជ្រើសរើសក្របខ័ណ្ឌថ្មីមកជំនួសមុខដំណែងមន្រ្តីដែលបានចូលនិវត្តន៍ ឡើយ គឺត្រូវ ជ្រើសរើសយកមន្រ្តីដែលមានក្របខ័ណ្ឌស្រាប់ និងមានគុណសម្បត្តិសក្តិសមមកជំនួស វិញ។ ក្នុងករណីដែល មន្ត្រីមិនមានលក្ខណៈសម្បត្តិសមស្របទេនោះ ទើបអាចធ្វើការជ្រើសរើសក្រប ខ័ណ្ឌថ្មីយកមកជំនួសបាន។ (ឧទាហរណ៍ ជាក់ស្តែងកន្លងមកមានមន្ត្រីចូលនិវត្តន៍ចំនួន ១០ នាក់ ក្រសួង ស្ថាប័នបានស្នើសុំជ្រើសរើស ក្របខ័ណ្ឌថ្មីចំនួន ១០ នាក់សម្រាប់ជំនួសមន្ត្រីដែលចូលនិវត្តន៍ ទាំងនោះ)។
៤- ក្រសួង ស្ថាប័នត្រូវពិនិត្យមើលអំពីលក្ខណៈសម្បត្តិមន្រ្តីតាមរចនាសម្ព័ន្ធដែលមាន ស្រាប់ដើម្បីធ្វើការអភិវឌ្ឍន៍សមត្ថភាពបន្ថែមសម្រាប់តម្រូវការរបស់មុខតំណែងនីមួយៗ ជាជាងការ ជ្រើសរើសក្របខ័ណ្ឌថ្មីបន្ថែម។
៥- ក្រសួង ស្ថាប័នត្រូវធ្វើផែនការជ្រើសរើសមន្ត្រីចូលក្របខ័ណ្ឌថ្មីប្រចាំឆ្នាំទៅតាម តម្រូវការ ពិតប្រាកដ តាមតម្រូវការជំនាញ និងទីកន្លែងឲ្យបានច្បាស់លាស់។
៦- ការធ្វើផែនការជ្រើសរើសមន្រ្តីចូលក្របខ័ណ្ឌថ្មី ត្រូវធ្វើឡើងនៅដើមឆ្នាំនីមួយៗ និងមិនត្រូវ ធ្វើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌប្រភេទ ឃ ទៀតឡើយ។
៧- ចំនួនក្របខ័ណ្ឌប្រចាំឆ្នាំដែលបានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋា ភិបាលរួចហើយ ក្រសួង ស្ថាប័ននីមួយៗត្រូវចាត់ចែងធ្វើការប្រឡងជ្រើសរើសចូលក្របខ័ណ្ឌឲ្យបាន ទាន់ពេលវេលា ពោលគឺ មិនត្រូវឲ្យឆ្លងឆ្នាំសារពើពន្ធឡើយ។ ក្នុងករណីដែលមិនបានធ្វើការជ្រើសរើស ឬជ្រើសរើសមិនទាន់ពេល វេលាក្នុងឆ្នាំដែលទទួលបានការអនុញ្ញាត ត្រូវចាត់ទុកជាមោឃៈ។
៨- ក្រសួង ស្ថាប័នត្រូវរៀបចំបែបបទដាក់មន្រ្តីដែលដល់អាយុចូលនិវត្តន៍ឲ្យបានទាន់ ពេលវេលាស្របតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់ រដ្ឋបាល។ ក្នុងករណីយឺតយ៉ាវ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលនឹងដកឈ្មោះមន្រ្តីទាំងនោះ ចេញពីតារាងទូទាត់បៀវត្ស ដោយស្វ័យប្រវត្តិ។ ការដកឈ្មោះចេញពីតារាងទូទាត់បៀវត្សពុំមានន័យថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលបានដាក់មន្ត្រីដែលត្រូវចូលនិវត្តន៍ឲ្យចូលនិវត្តន៍ នោះទេ គឺក្រសួង ស្ថាប័នសាមី ត្រូវបន្ត រៀបចំបែបបទចូលនិវត្តន៍តាម នីតិវិធីជាធរមាន។
៩- ចំពោះប្រាក់បំណាច់មុខងារសម្រាប់មុខតំណែងជាអនុប្រធាននាយកដ្ឋានអនុញ្ញាត ផ្តល់ជូន ត្រឹមតែ ចំនួន 0៣ រូប ប៉ុណ្ណោះ ហើយក្រសួង ស្ថាប័នត្រូវធានាតម្លាភាព និងជៀសវាងកុំអោយ មានបាតុភាព ផ្ទៃក្នុងស្ថាប័នរបស់ខ្លួន។
១០-ចំពោះការតែងតាំងមន្រ្តីថ្នាក់ក្រោមជាតិស្របតាមមុខតំណែងខ្ពស់របស់ថ្នាក់ កណ្តាលជា គោលការណ៍ការបញ្ចូលប្រាក់បំណាច់មុខងារទៅក្នុងតារាងទូទាត់បៀវត្សត្រូវមានការទទួល ស្គាល់ពីប្រធាន ស្ថាប័នជាមុនសិន និងត្រូវគិតបញ្ចូលប្រាក់បំណាច់មុខងារនេះនៅក្នុងកញ្ចប់ថវិកាខេត្ត ឬអង្គភាពជំនាញ របស់សាមីមន្ត្រី។ ក្នុងករណីនេះ មន្ត្រីដែលទទួលបានការតែងតាំងត្រូវទទួលបាន ប្រាក់បំណាច់មុខងារតែមួយ ប៉ុណ្ណោះ។
របៀបវារៈទី៣ បញ្ហាផ្សេងៗ
- ចំពោះការស្នើសុំដំឡើងឋានន្តរសក្តិ និងថ្នាក់ប្រចាំឆ្នាំរបស់់មន្រ្តីរាជការស៊ីវិល តាម ក្រសួង ស្ថាប័ន អង្គប្រជុំបានឯកភាពលើការរៀបចំការស្នើសុំឲ្យទាន់មុនថ្ងៃទី១៣ ខែមេសា នៃឆ្នាំនី មួយៗតាមគោលការណ៍ បញ្ញតិដែលមានជាធរមាន។ ករណីយឺតយូរ ការស្នើសុំអាចធ្វើបានជាបន្ត បន្ទាប់ចំនួន ៣ដងទៀត គឺពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ នៃខែមិថុនា ខែសីហា និងខែតុលា នៃឆ្នាំដដែល។ ក្រោយពីពេលវេលានេះ អគ្គលេខា- ធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលនឹងមិនទទួលចាត់ ការឡើយ។
- ដើម្បីពង្រឹងប្រសិទ្ធភាពការងារលើការគ្រប់គ្រងក្របខ័ណ្ឌ និងតារាងទូទាត់បៀវត្ស តាមប្រព័ន្ធ ព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលនឹងរៀបចំបង្កើតយន្ត ការច្រកចេញ ចូល តែមួយសម្រាប់ធ្វើការសម្របសម្រួល និងដំណើរការលិខិតចេញ ចូលពីគ្រប់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។
- ចំពោះការរៀបចំតារាងទូទាត់បៀវត្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អគ្គលេខាធិ ការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលសំណូមពរឲ្យមានការពង្រឹងការត្រួតពិនិត្យពីក្រសួងស្ថាប័ន ជាមុន មុននឹង បញ្ចូនមកស្នើសុំការពិនិត្យ និងសម្រេចពីអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែ ទម្រង់រដ្ឋបាល ហើយ ករណីនេះនឹងមានការកោះប្រជុំពិភាក្សាដោយឡែកផ្សេងទៀត។
- ការងារនិយ័តកម្មជំរឿនមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិនឹងចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០១២ តទៅ ដោយគួរកំណត់យកខេត្តមួយតាមភូមិភាគសម្រាប់ប្រមូលផ្តុំធ្វើការងារនិយ័តកម្មនេះ។
- ក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល នឹងចុះធ្វើ ការពិនិត្យឡើងវិញលើការងារយកស្នាមក្រយៅដៃមន្រ្តីរាជការស៊ីវិលតាមក្រសួង ស្ថាប័ន ដែលបានបំពាក់
ឧបករណ៍រួចហើយ និងស្នើសុំឲ្យក្រសួង ស្ថាប័នបន្ត សហការឲ្យបានល្អជាមួយក្រុម ការងារ។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទី នាថ្ងៃដដែល។
-
កិច្ចប្រជុំអន្តរក្រសួង
ស្តីពី
ការជ្រើសរើសក្របខ័ណ្ឌប្រចាំឆ្នាំ និងការរៀបចំតារាងទូទាត់បៀវត្ស
-
កិច្ចប្រជុំអន្តរក្រសួង
ស្តីពី
ការជ្រើសរើសក្របខ័ណ្ឌប្រចាំឆ្នាំ និងការរៀបចំតារាងទូទាត់បៀវត្ស
|
|